Skip to main content

ប្រទេសកម្ពុជា៖ កម្ចីមីក្រូហិរញ្ញវត្ថុបង្កផលប៉ះពាល់ដល់ក្រុមជនជាតិដើមភាគតិច

អ្នកបណ្តាក់ទុនអន្តរជាតិមានជាប់ពាក់ព័ន្ធទៅនឹងការបង្ខំលក់កម្មសិទ្ធិដីធ្លី និងការរំលោភសិទ្ធិ។

ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៅលើជញ្ជាំងផ្ទះ ជនជាតិ ទំពួន អ្នកខ្ចីប្រាក់ជនជាតិដើមភាគតិច នៅភូមិ ប៉ាជុំធំ ខេត្តរតនគិរី ប្រទេសកម្ពុជា មានខ្លឹមសារថា៖ "គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងជួយលោកអ្នក ទិញសម្ភារៈកសិកម្ម ដោយមិនចាំបាច់មានប្រាក់" (ផ្នែកខាងឆ្វេង) រីឯនៅផ្នែកខាងស្តាំ មានខ្លឹមសារថា "គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំខ្លួនរួចរាល់ ក្នុងការជួយអ្នក និងគ្រួសារអ្នកជានិច្ច"។ រក្សាសិទ្ធិដោយ  © 2023 Private
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (MFIs) គាំទ្រដោយអ្នកបណ្តាក់ទុនអន្តរជាតិបានផ្សព្វផ្សាយយ៉ាង ទូលំទូលាយនូវសេវាកម្មប្រាក់កម្ចីរបស់ខ្លួនដល់សហគមន៍ជនជាតិដើមភាគតិច ដោយកំណត់ គោលដៅតម្លៃដីធ្លីរបស់ពួកគាត់ ធ្វើជាទ្រព្យបញ្ចាំសម្រាប់កម្ចី។
  • ការផ្តល់ប្រាក់កម្ចីពិសពុល ការអនុវត្តការប្រមូលការសងប្រាក់កម្ចី ធ្វើឡើងដោយគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ នាំអោយមានការបង្ខំលក់កម្មសិទ្ធិដីធ្លី ការកើនឡើងនូវបំណុលវ័ណ្ឌក អត្តឃាតកម្ម ជាប់ព័ន្ធ​បំណុល ហើយនិងការរំលោភបំពានសិទ្ធិ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ជនជាតិ​ដើម​ភាគ​តិច។
  • អាជ្ញាធរកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងអ្នកបណ្តាក់ទុនអន្តរជាតិ រួមមាន សាជីវកម្ម​ហិរញ្ញវត្ថុអន្តរជាតិ របស់ធនាគារពិភពលោក គួរតែធានាអោយបានថា សិទ្ធិជនជាតិដើមភាគ​តិចត្រូវបានគេគោរព ការពារ និងផ្តល់នូវការទទួលបាននូវដំណោះស្រាសំណង រួមមានទាំង​យន្តការដោះ​ស្រាយបណ្តឹង​ឯករាជ្យមួយជាដើម។

(ទីក្រុងបាងកក ថ្ងៃទី ២៥ កញ្ញា ២០២៥) កម្ចីពិសពុល ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា កំពុងបានធ្វើអោយមានការរំលោភសិទ្ធមនុស្ស និងកម្មសិទ្ធិដីធ្លី លើប្រជាសហគមន៍ជនជាតិដើម​ភាគតិច នេះជាការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយ​ថ្ងៃនេះ។ ម្ចាស់ជំនួយហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងនេះ បានរួមចំណែក ចំពោះ​ការរំលោភបំពាននេះ រួមមាន វិនិយោគិនឯកជន ធនាគារអភិវឌ្ឍន៍រដ្ឋ និងសាជីវកម្មហិរញ្ញវត្ថុ​អន្តរជាតិ ដែលជាសាខាអ្នកបណ្តាក់ទុនឯកជន របស់ធនាគារពិភពលោក។

ក្នុងរបាយការណ៍កម្រាស់ 120 ទំព័រ ក្រោមចំណងជើង “អន្ទាក់បំណុលកម្ចីមីក្រូហិរញ្ញវត្ថុ​​ពិសពុល និងការកេង​ប្រវ័ញ្ចជនជាតិ​ដើមភាគតិចកម្ពុជា”​ បានកត់ត្រាថា បំណុលវ័ណ្ឌកកើតឡើងក្នុងចំណោម ប្រជាសហគមន៍ជនជាតិដើមភាគតិច នៅខេត្តភាគឦសានកម្ពុជា បាននាំបណ្តាលអោយមានការបង្ខំ​លក់កម្មសិទ្ធិដីធ្លី អត្តឃាតកម្មទាក់ទងនឹងបំណុល អស្ថេរភាពស្បៀង និងកង្វះការទទួលបានការអប់រំ និងថែទាំសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់កម្ចីជាច្រើនវគ្គដល់អតិថិជន ជាជនជាតិ​ដើម​​ភាគតិច តាមរយៈមន្ត្រីឥណទាន និងការប្រើប្រាស់ឯកសារកម្ចីជាភាសាខ្មែរ ជាភាសាដែលជនជាតិ​ដើម​​ភាគ​តិចមិនចេះអាន និងផ្តល់កម្ចីក្នុងចំនួនដែលហួសពីលទ្ធភាពបង់ត្រឡប់របស់ពួកគាត់។

“គ្រឹះស្ថានផ្តល់ប្រាក់កម្ចីកម្ពុជា បានផ្សព្វផ្សាយអំពីកម្ចីរបស់ខ្លួន ថាជាវិធីសាស្រ្តសំខាន់ក្នុងការរំដោះខ្លួន​ចេញពីភាពក្រីក្រ ផ្ទុយទៅវិញវាបានរុញច្រាន គ្រួសារជនជាតិដើមភាគតិចជាច្រើន ក្លាយជាកូនបំណុល​វ័ណ្ឌក” នេះជាការលើកឡើងដោយ Bryony Lau, នាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិ​មនុស្ស។ គាត់បានលើកឡើងបន្តថា “កម្ចីឥណទានទាំងនេះ នាំមកនូវការបាត់បង់ដីធ្លី សុខភាព និងជួន កាលសូម្បីជីវិតរបស់ពួកគេ។”

ឥណទានខ្នាតតូច ជាប្រភេទសេវាធនាគារមួយ ដែលរៀបចំឡើងដើម្បីផ្តល់នូវប្រភពទុនសម្រាប់​ប្រជាជនក្រីក្រ ជាពិសេសដើម្បីជួយអភិវឌ្ឍមុខជំនួញខ្នាតតូចៗរបស់ពួកគាត់ ជាមូលនិធិដើម​ទុន​ដែល​ពិបាករក ឬសិងតែមិនអាចទទួលបាន។ ក្នុងទម្រង់ដើម ដែលចាប់ផ្តើមដំណើរការនៅពាក់កណ្តាល​ទសវត្សរ៍ ទី ៧០ ឥណទានមីក្រូហិរញ្ញវត្ថុ មានលក្ខណៈជាកម្ចីដែលមានការធានាគ្នាជាក្រុម ផ្អែកលើ​ភាព​​ជឿជាក់គ្នាទៅវិញទៅមក និងមិនតម្រូវអោយមានទ្រព្យបញ្ចាំទេ។ នៅប្រទេស កម្ពុជា ក៏ដូចនៅ​បណ្តាប្រទេសផ្សេងៗទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាប់ផ្តើមឡើងក្នុងនាមជាស្ថាប័នមិនរកប្រាក់​ចំណេញ ផ្តល់មូលនិធិដោយ​ម្ចាស់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាល ហើយនាប៉ុន្មានទសវត្សរ៍ ថ្មីចុងក្រោយនេះ វាបានក្លាយជា មុខជំនួញដែលទទួលបានប្រាក់ចំណេញខ្ពស់ សម្រាប់ វិនិយោគិនជាតិ និងអន្តរជាតិ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក្នុងចន្លោះពេលពីខែកុម្ភៈ ដល់ខែតុលា ឆ្នាំ ២០២៤ បានធ្វើកិច្ចសម្ភាសន៍​អ្នកភូមិជនជាតិដើមភាគតិច ជាង ៥០ នាក់ ដែលរងផលប៉ះពាល់ ដោយបំណុលមីក្រូហិរញ្ញវត្ថុវ័ណ្ឌក នៅក្បែរ និងក្នុងខេត្តរតនគិរី។ ករណីរបស់ពួកគេត្រូវបានបញ្ជាក់ ដោយក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកជំនាញក្នុងឧស្សាហកម្ម និងមន្រ្តីឥណទានពីគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូច​ជាឯកសារមានស្រាប់ ដូចជារបាយការណ៍វិស័យមីក្រូហិរញ្ញវត្ថុ ទិន្នន័យឧស្សាហកម្មមីក្រូហិរញ្ញវត្ថុផ្ទៃ​ក្នុង និងឯកសារឥណទានរបស់អតិថិជន និងរបាយការណ៍ឥណទាន។

អ្នកខ្ចីប្រាក់ជាជនជាតិដើមភាគតិច បានពិពណ៌នាអំពី មន្ត្រីឥណទាន បានដាក់សម្ពាធ ឬបង្ខំពួកគាត់​អោយទទួលយកកម្ចីប្រាក់ក្រៅផ្លូវការ ឬលក់កម្មសិទ្ធីដីធ្លី ឬទ្រព្យសម្បត្តិរបស់ពួកគាត់ យកប្រាក់មក​សងបំណុល ក្នុងករណីខ្លះ មានការជម្រិតទារប្រាក់ដល់ផ្ទះជាញឹកញាប់ ឬការគំរាមប្តឹងឡើងតុលាការ ឬបញ្ជូនទៅអាជ្ញាធរដែនដី។ អតិថិជនប្រាក់កម្ចី បានលើឡើងថា ពួកគាត់មិនបានយល់អំពីលក្ខខណ្ឌ នៃការសងប្រាក់កម្ចី មូលហេតុនៃកម្ចី ឬអត្រាការប្រាក់ មុនទទួលយកប្រាក់កម្ចីទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានទទួលយកនូវប្លង់កម្មសិទ្ធិ ដែលគេហៅថា “ប្លង់ទន់” ជាកម្មសិទ្ធិដីធ្លីក្រៅ​ផ្លូវការ ប៉ុន្តែ មានការប្រើប្រាស់ជាទូទៅ ផ្តល់អោយដោយអាជ្ញាធរមូលដ្ឋាន និងមានការជាន់គ្នា​ជាមួយ​កម្ម​សិទ្ធិដីសមូហភាពរបស់ជនជាតិដើមភាគតិច ជាទ្រព្យបញ្ចាំ បើទោះជាដីធ្លីទាំងនោះមានការការពារ​ក្រោមច្បាប់កម្ពុជាក៏ដោយ។ ការប្រើប្រាស់កម្មសិទ្ធិដី ជនជាតិដើមភាគតិច ជាទ្រព្យបញ្ចាំដោយមិនមាន ការពិគ្រោះជាមុន ដោយសេរី និងយល់ព្រមដោយមនសិការ បង្កហានិភ័យ បំពានលើសិទ្ធិកាន់កាប់ដីជា​សមូហភាព ជាពិសេស ពេលដែលឥណទានត្រូវបានទទួលតាមរយៈការប្រើប្រាស់ទ្រព្យបញ្ចាំ ជាកម្ម​សិទ្ធិដីប្រពៃណី ឬកម្មសិទ្ធិសហគមន៍ ឬដីធ្លីស្ថិតក្នុងដំណើរការចុះបញ្ជីកម្មសិទ្ធិដីសមូភាព។

ការទទួលយកប្លង់ទន់ទាំងនោះ ជាទ្រព្យបញ្ចាំ បានធ្វើអោយខូចដល់ដំណើរការស្នើសុំការចុះបញ្ចីកាន់​កាប់ដីសមូហភាព ដោយដំណើរការនេះ តម្រូវអោយសមាជិកសហគមន៍ ប្រមូលយកប្លង់ទន់ទាំងនោះ ប្រគល់អោយទៅមន្ត្រីរដ្ឋាភិបាល ដែលនេះវាពិតជាមិនអាចទៅរួចទេ បើប្លង់កម្មសិទ្ធិដីទាំងនោះកំពុង ត្រូវរក្សាទុកជាទ្រព្យបញ្ចាំ។

អ្នកខ្ចីប្រាក់ជនជាតិដើមភាគតិច បានរាយការណ៍ អំពីការទទួលរងនូវការដាក់សម្ពាធ ពីមន្រ្តីឥណទាន អោយលក់ដីធ្លីរបស់គេ និងក្នុងករណីខ្លះបានលក់ដីខ្លះ ឬលក់ទាំងអស់ដើម្បីបង់ប្រាក់សងកម្ចី ដោយ​ខ្លាចការគំរាមសងសិកពីម្ចាស់បំណុល។ កម្ចីពិសពុល និងការអនុវត្តទារប្រាក់ទាំងនេះ ធ្វើអោយមាន​ការរំលោភអត្តសញ្ញាណ ការប្រកបមុខរបរចិញ្ចឹមជីវិត និងមធ្យោបាយរស់នៅ របស់ជនជាតិ​ដើមភាគ​តិច។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរកឃើញនូវគម្លាតនៃការត្រួតពិនិត្យអោយបានដឹតដល់របស់រាជរដ្ឋា​ភិបាលកម្ពុជា ទៅលើវិស័យមីក្រូហិរញ្ញវត្ថុ និងការខកខានរបស់អ្នកបណ្តាក់ទុកអន្តរជាតិ ក្នុងការធ្វើការ​ផ្ទៀងផ្ទាត់ការគោរពច្បាប់សិទ្ធិមនុស្ស ដែលវាផ្ទុយទៅនឹងបទដ្ឋាននៃការវិនិយោគរបស់ខ្លួន និងគោល​ការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស និងសិទ្ធិធុរៈកិច្ច។

នាដើមឆ្នាំ ២០១៥ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានទទួលស្គាល់អំពី ហានិភ័យនៃកំណើនបំណុល វ័ណ្ឌក និងភាពទន់ខ្សោយនៃការការពារអតិថិជន នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហើយនៅតែបន្ត​ការវិនិយោគទៅក្នុងវិស័យនេះតទៅទៀត។ រវាងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ សាជីវកម្មនេះ បានវិនិ​យោគប្រាក់ច្រើនជាង ៤៣៨ លានដុល្លារអាមេរិក។ នៅឆ្នាំ ២០២២ អង្គការសិទ្ធិមនុស្សកម្ពុជា បានដាក់ ពាក្យប្តឹងទៅកាន់ ក្រុមប្រឹក្សាអនុលោមភាព/ការិយាល័យប្រជាពលរដ្ឋ របស់សាជីវកម្ម នាំអោយ​មាន​ការស៊ើបអង្កេតមួយកើតឡើង។

គ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរួមមាន អ្នកបណ្តាក់ទុនអន្តរជាតិ និយ័តករកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្លួនឯង គួរធានាថា មានដំណោះស្រាយសំណង ដែលរួមមានការលើកលែងបំណុល និងការរៀបចំ​បំណុលឡើងវិញសមស្រប ក៏ដូចជា ដំណោះស្រាយប្រគល់ដីជនជាតិដើមភាគតិចដែលបាត់បង់តាម​រយៈការបង្ខំ​លក់ដីធ្លីត្រឡប់​វិញ នេះជាការលើកឡើងដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស។

 

កិច្ចខិតខំប្រឹងប្រែងផ្តល់នូវដំណោះស្រាយ គួរធ្វើឡើងលើសពីតួអង្គបច្ចុប្បន្ន ពោលគឺរួមមានទាំងអ្នក​បណ្តាក់ទុន ភាគីពាក់ព័ន្ធដែលធ្លាប់ទទួលបានប្រាក់ចំណេញពីកម្ចីពិសពុលទាំងនោះ ហើយសព្វថ្ងៃបាន ដកខ្លួនចេញ ដោយមិនទាន់បានដោះស្រាយបញ្ហាដែលខ្លួនបន្សល់ទុកកាលនៅជាភាគីពាក់ព័ន្ធ។ ភាគី​ពាក់ព័ន្ធ គួរផ្តល់មូលនិធិ សម្រាប់អោយមានយន្តការដោះស្រាយបណ្តឹងសារទុក្ខឯករាជ្យ ដោយ​អនុលោមតាម ការណែនាំ ដែលមានចែងក្នុងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស និងសិទ្ធិធុរៈកិច្ច។

“វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលបាននូវការរីកចម្រើនឡើង ដោយទទួលបានការវិនិយោគពីសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍន៍អន្តរជាតិ និងអ្នកបណ្តាក់ទុនឯកជន ដែលអ្នកទាំងនោះមិនបាន ស្វះស្វែងរកភស្តុតាងធំដុំអំពីការធ្វើអោយខូចខាត និងបានអំពាវនាវជាច្រើនលើកច្រើនសារពីសាធារ​ណៈជន និងអ្នកខ្ចីប្រាក់ ដើម្បីចាត់វិធានការ និងផ្តល់ការជួយគាំទ្រ” នេះជាការលើកឡើងដោយលោក Lau។ លោកបានបន្តទៀតថា “សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងម្ចាស់ជំនួយផ្សេងទៀត គួរធានាថា ជនជាតិ​ដើមភាគតិច នឹងមិនត្រូវទទួលរងគ្រោះដោយសារ ការរកប្រាក់ចំណេញពីអ្នកបណ្តាក់​ទុន​ទាំងនេះទេ។”

សម្រង់សំដីសំខាន់ៗ៖

កសិករដំណាំ ស្វាយចន្ទី ជនជាតិដើមភាគតិច គួយ អាយុ ៦២ ឆ្នាំ នៅខេត្តរតនគិរី នៅ​ ថ្ងៃទី ៦ មីនា ឆ្នាំ ២០២៤ បានពិពណ៌នា ស្ថានភាពដែលគាត់ទទួលរងនូវការគាបសង្កត់ អោយទទួលយកកម្ចីបន្ថែម​ថា៖

ខ្ញុំមិនចេះអាន ឬសរសេរភាសាខ្មែរ ឬភាសាផ្សេងទៀតទេ។ សូម្បីភ្នែកខ្ញុំក៏មើលមិនសូវច្បាស់ ខ្ញុំមើលរបស់អ្វីមួយ មិនសូវច្បាស់សូម្បីនៅខាងណោះផ្លូវ ដូច្នេះខ្ញុំមិនយល់ អំពីលក្ខខណ្ឌនៃឯក សារកម្ចីខ្ញុំទេ។ ខ្ញុំបានប្រាប់គេថា ខ្ញុំលែងចង់ខ្ចីប្រាក់ទៀតហើយ ប៉ុន្តែ ពួកគេប្រាប់ថា “បើអ្នក​មិនខ្ចីបន្ថែម តើអ្នកមានប្រាក់ឯណាយកទៅបង់សងផ្តាច់កម្ចីផ្សេងទៀតរបស់អ្នក?”។

កម្មការនីកសិកម្មជនជាតិដើមភាគតិច កាចក់ រស់នៅខេត្តរតនគិរី នៅថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២៤ បាន​ពិពណ៌នា របៀបដែលមន្ត្រីឥណទានបានគំរាមកំហែងនាង ទាំងមិនមានមូលដ្ឋានច្បាប់ ថានឹងចោទ​ប្រកាន់នាងពីបទព្រហ្មទណ្ឌ សម្រាប់ការខកខានមិនបានបង់សងប្រាក់កម្ចីរបស់នាង៖

ពួកគេបានអានសារក្នុងលិខិតអោយយើងស្តាប់ ដើម្បីដាក់សម្ពាធអោយយើងបង់ប្រាក់​សំណង ហើយបានប្រាប់ថា ខ្ញុំនឹងត្រូវប្រឈមមុខច្បាប់ បើខ្ញុំមិនបានបង់ប្រាក់សំណងទេ...ហើយបន្ថែម​ថា គេនឹងនាំខ្ញុំឡើងតុលាការ...ខ្ញុំមិនចេះច្បាប់អ្វីទេ ខ្ញុំគ្រាន់តែខ្លាច ថាពួកគេនាំខ្ញុំទៅជួប​ប៉ូលីស និងខ្លាចថា ខ្ញុំត្រូវគេបង្ខំអោយសងប្រាក់។ ខ្ញុំបារម្ភខ្លាចគេចាប់ខ្ញុំដាក់គុកដោយសារ​ករណីនេះ។

កសិករដំណាំស្វាយចន្ទី ជនជាតិដើម ចារ៉ាយ នៅខេត្តរតនគិរី បានពិពណ៌នា របៀបដែលការគំរាម​របស់​មន្រ្តី​ឥណ​ទាន បង្កការប៉ះពាល់លើគាត់ទាំងផ្នែករាងកាយ និងអារម្មណ៍ថា៖

ខ្ញុំបានប្រាប់មន្ត្រីឥណទានថា “ពេលពួកអ្នកគំរាមខ្ញុំ និងនិយាយមកាន់ខ្ញុំរបៀបហ្នឹង ខ្ញុំមាន​អារម្មណ៍ទន់ខ្សោយ ហើយខ្ញុំមានជម្ងឺបេះដូង ដៃ និងជើងខ្ញុំចាប់ផ្តើមចុះខ្សោយ និងវិលមុខ ហើយខ្ញុំមិនអាចទប់ទល់នឹងអារម្មណ៍តានតឹងទេ។” ពេលនោះមន្ត្រីឥណទានបានឆ្លើយតបថា បើអ្នកមានកម្មសិទ្ធិដីធ្លី លក់វាទៅ។ ទ្រព្យសម្បត្តិអ្វីក៏ដោយ ដែលអ្នកមានលក់វាទៅ យកប្រាក់ មកសងបំណុល ឬបើអ្នកត្រូវខ្ចីប្រាក់ពីសាច់ញាតិ គ្រួសារ ឬលក់ដីរបស់អ្នក ត្រូវធ្វើទៅដើម្បី​យក​​​ប្រាក់សងបំណុល”។

Your tax deductible gift can help stop human rights violations and save lives around the world.

Region / Country

Most Viewed